សិក្ខាសាលាបណ្តុះបណ្តាលស្តីពី ការបញ្ចប់របាយការណ៍ស្វ័យវាយតម្លៃកម្មវិធី និងការរៀបចំឯកសារភស្តុតាង សម្រាប់ការវាយតម្លៃកម្មវិធីសិក្សា នៅជុំទី២

ថ្ងៃទី១៥-១៧ ខែឧសភា ឆ្នាំ២០២៣ ថ្នាក់ដឹកនាំ និងមន្ត្រីអប់រំ ចំនួន៦រូបនៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួមសិក្ខាសាលាបណ្តុះបណ្តាលស្តីពី “ការបញ្ចប់របាយការណ៍ស្វ័យវាយតម្លៃកម្មវិធី និងការរៀបចំឯកសារភស្តុតាង សម្រាប់ការវាយតម្លៃកម្មវិធីសិក្សា នៅជុំទី២”  ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ម៉ក់ ងយ អគ្គនាយកនៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងជាប្រធានគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) នៅសណ្ឋាគារអង្គរប៉ារ៉ាឌី ខេត្តសៀមរាប។

សិក្ខាសាលានេះ រៀបចំដោយអគ្គនាយកដ្ឋានឧត្តមសិក្សា គាំទ្រដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) និងមានការចូលរួមពីថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំអគ្គនាយកដ្ឋានឧត្តមសិក្សា ថ្នាក់ដឹកនាំ និងមន្ត្រីបច្ចេកទេសមកពីគ្រឹះស្ថានឧត្តមសិក្សាទាំងប្រាំ រួមមាន សាកលវិទ្យាល័យភូមិន្ទភ្នំពេញ (៣៦រូប) សាកលវិទ្យាល័យភូមិន្ទកសិកម្ម (១៨រូប) សាកលវិទ្យាល័យជាតិបាត់ដំបង (៦រូប) សាកលវិទ្យាល័យស្វាយរៀង (៦រូប) និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា (១៤រូប)។

គោលបំណងនៃសិក្ខាសាលានេះ គឺ ១) ចែករំលែកបទពិសោធន៍ និងចំណេះដឹងពីការវាយតម្លៃកម្មវិធី ការរៀបចំឯកសារភស្តុតាង និងរបាយការណ៍ស្វ័យវាយតម្លៃកម្មវិធីនៅជុំទី១, ២) រៀបចំរបាយការណ៍ស្វ័យវាយតម្លៃកម្មវិធី និងឯកសារភស្តុតាងឆ្លើយតបនឹងលក្ខណៈវិនិច្ឆ័យទាំង១៣ នៃឧបករណ៍វាយតម្លៃកម្មវិធីឱ្យបានរួចរាល់ប្រកបដោយគុណភាព មុនពេលការធ្វើការវាយតម្លៃកម្មវិធី ដោយអ្នកជំនាញជាតិ និងអន្តរជាតិ នៅជុំទី២។

សមាសភាពដែលត្រូវចូលរួមក្នុងសិក្ខាសាលានេះ គឺរួមមានសាកលវិទ្យាធិការរងទទួលបន្ទុក ជាអ្នកសម្របសម្រួលកម្មវិធីភាពជាដៃគូ, មន្ត្រីទទួលបន្ទុកជាអ្នកសម្របសម្រួលកម្មវិធីភាពជាដៃគូ ព្រមទាំងមន្ត្រីទទួលបន្ទុកកម្មវិធីសិក្សានីមួយៗ ដែលត្រូវវាយតម្លៃនៅជុំទី២។ ចំពោះសាកលវិទ្យាល័យស្វាយរៀង នឹងត្រូវបញ្ជូនកម្មវិធីសិក្សាចំនួន២ ទៅវាយតម្លៃនៅជុំទី២នេះ គឺកម្មវិធីក្សេត្រសាស្ត្រ (BSc in Agronomy) និងកម្មវិធីវិទ្យាសាស្រ្តសត្វ (BSc in Animal Science) ដែលជាកម្មវិធីសិក្សាអភិវឌ្ឍន៍រួមគ្នាក្នុងកម្មវិធីភាពជាដៃគូ រវាងសាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យភូមិន្ទកសិកម្ម ក្រោមការអនុវត្តគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។