ការវាយតម្លៃកម្មវិធីសិក្សា បរិញ្ញាបត្រក្សេត្រសាស្ត្រដោយមន្ត្រីវាយតម្លៃកម្មវិធីសិក្សាជាតិ

ថ្ងៃទី២៥-២៦ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានទទួលប្រតិភូមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា និងអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ ដើម្បីមកធ្វើការវាយតម្លៃកម្មវិធីសិក្សា ជំនាញក្សេត្រសាស្ត្រ ដែលបានអភិវឌ្ឍន៍ឡើងរវាងសាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម (RUA) ក្រោមការគាំទ្រដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ ការវាយតម្លៃកម្មវិធីសិក្សានេះ គឺធ្វើឡើងដោយលោកបណ្ឌិត ស្រ៊ាន ពៅ ជាអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ និងមានការសម្របសម្រួលដោយ មន្ត្រីអគ្គនាយកដ្ឋានឧត្តមសិក្សា។
ការវាយតម្លៃកម្មវិធីថ្ងៃនេះ គឺជាលើកទី២ បន្ទាប់ពីការវាយតម្លៃកម្មវិធីសិក្សាកាលពីថ្ងៃទី០១-០៦ ខែសីហា ឆ្នាំ២០២៣ ដោយលោកបណ្ឌិត ខាន់ បូផាន់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោកសាស្ត្រាចារ្យជំនួយ ឡឹក វីរៈ សាកលវិទ្យាធិការរង និងជាប្រធានសមាសភាគ C.1 នៃគម្រោង HEIP ព្រមទាំងមន្ត្រីសម្របសម្រួលកម្មវិធីភាពជាដៃគូ (Partnership Program) ថ្នាក់ដឹកនាំមហាវិទ្យាល័យកសិកម្ម និងក្រុមការងារបច្ចេកទេសកម្មវិធីក្សេត្រសាស្ត្រ។ ក្រៅពីការប្រជុំពិភាក្សាលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ ក៏មានការចុះពិនិត្យផ្ទាល់នូវសម្ភារបម្រើឲ្យការបង្រៀននិងរៀន បន្ទប់ពិសោធន៍នានា និងស្ថានីយ៍កសិកម្ម សម្រាប់និស្សិតសិក្សា ស្រាវជ្រាវ និងអនុវត្ត។