ការវាយតម្លៃកម្មវិធីសិក្សា បរិញ្ញាបត្រជំនាញវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម ដោយមន្ត្រីវាយតម្លៃកម្មវិធីសិក្សាជាតិ

ថ្ងៃទី១៤-១៥ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានទទួលប្រតិភូមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា និងអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ ដើម្បីមកធ្វើការវាយតម្លៃកម្មវិធីសិក្សា ជំនាញវិស្វកម្មអេឡេត្រូនិចនិងស្វ័យប្រវត្តិកម្ម ដែលបានអភិវឌ្ឍន៍ឡើងរវាងសាកលវិទ្យាល័យស្វាយរៀង និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ក្រោមការគាំទ្រដោយគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP)។ ការវាយតម្លៃកម្មវិធីសិក្សានេះ គឺធ្វើឡើងដោយលោកបណ្ឌិត ថាប់ ថារឿន ជាអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ និងមានការសម្របសម្រួលដោយ មន្ត្រីអគ្គនាយកដ្ឋានឧត្តមសិក្សា។

ការវាយតម្លៃកម្មវិធីថ្ងៃនេះ គឺជាលើកទី២ បន្ទាប់ពីការវាយតម្លៃកម្មវិធីសិក្សាកាលពីថ្ងៃទី០១-០៦ ខែសីហា ឆ្នាំ២០២៣ ដោយលោកបណ្ឌិត ខាន់ បូផាន់។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមាន លោក ឡឹក វីរៈ សាកលវិទ្យាធិការរង និងជាប្រធានសមាសភាគ C.1 នៃគម្រោង HEIP ព្រមទាំងមន្ត្រីសម្របសម្រួលកម្មវិធីភាពជាដៃគូ (Partnership Program) មន្ត្រីទទួលបន្ទុកមហាវិទ្យាល័យវិទ្យាសាស្រ្ត និងបច្ចេកវិទ្យា និងក្រុមការងារបច្ចេកទេសកម្មវិធីវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម។ ក្រៅពីការប្រជុំពិភាក្សាលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ ក៏មានការចុះពិនិត្យផ្ទាល់នូវសម្ភារបម្រើឲ្យការបង្រៀននិងរៀន និងបន្ទប់ពិសោធន៍នានា សម្រាប់និស្សិតអនុវត្ត។ ជាលទ្ធផលនៃការវាយតម្លៃ កម្មវិធីសិក្សាជំនាញ អេឡិចត្រូវនិច និងស្វ័យប្រវត្តិកម្ម (Electronics and Automation Engineering) របស់សាកលវិទ្យាល័យស្វាយរៀង ទទួលបានការវាយតម្លៃដោយពិន្ទុល្អប្រសើរ។