ការវាយតម្លៃកម្មវិធីសិក្សា ចំនួន៤ ដោយអ្នកជំនាញវាយតម្លៃកម្មវិធីជាតិ មកពីអគ្គនាយកដ្ឋានឧត្តមសិក្សា

ថ្ងៃទី០១-០៦ ខែសីហា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានទទួលប្រតិភូមកពីអគ្គនាយកដ្ឋានឧត្តមសិក្សា និងអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ ដើម្បីមកធ្វើការវាយតម្លៃកម្មវិធីសិក្សា ចំនួន៤ ដែលបានអភិវឌ្ឍន៍ឡើងរវាងសាកលវិទ្យាល័យស្វាយរៀង និង សាកលវិទ្យាល័យភូមិន្ទកសិកម្ម ចំនួន២កម្មវិធី (ជំនាញក្សេត្រសាស្រ្ត និងវិទ្យាសាស្រ្តសត្វ) និង វិទ្យាស្ថានបច្ចេកវិទ្យាកម្ពុជា ចំនួន២កម្មវិធី (ជំនាញមេកានិច និង អេឡេត្រូនិចនិងស្វ័យប្រវត្តិកម្ម)។ ការវាយតម្លៃកម្មវិធីសិក្សានេះ គឺធ្វើឡើងដោយលោកបណ្ឌិត ខាន់ បូផាន់ ជាអ្នកជំនាញវាយតម្លៃកម្មវិធីសិក្សាជាតិ និងមានការសម្របសម្រួលដោយ មន្ត្រីអគ្គនាយកដ្ឋានឧត្តមសិក្សា។

ពិធីបើកកិច្ចប្រជុំពិភាក្សា ដើម្បីដំណើរការវាយតម្លៃកម្មវិធីសិក្សានេះ ធ្វើឡើងក្រោមអធិបតីភាព លោក ឡឹក វីរៈ សាកលវិទ្យាធិការរង និងជាប្រធានសមាសភាគ១ នៃគម្រោងកែលម្អការអប់រំឧត្តមសិក្សា (HEIP) របស់សាកលវិទ្យាល័យស្វាយរៀង។ អញ្ជើញចូលរួមក្នុងកិច្ចប្រជុំនេះ រួមមានក្រុមការងារបច្ចេកទេសកម្មវិធីក្សេត្រសាស្រ្ត ក្រុមការងារបច្ចេកទេសកម្មវិធីវិទ្យាសាស្រ្តសត្វ ក្រុមការងារបច្ចេកទេសកម្មវិធីវិស្វកម្មមេកានិច និង ក្រុមការងារបច្ចេកទេសកម្មវិធីវិស្វកម្មអេឡិចត្រូនិច និងស្វ័យប្រវត្តិកម្ម។ ក្រៅពីការប្រជុំពិភាក្សាលើលក្ខណៈវិនិច្ឆ័យនៃការវាយតម្លៃ ក៏មានការចុះពិនិត្យផ្ទាល់នូវសម្ភារបម្រើឲ្យការបង្រៀននិងរៀន ស្ថានីយពិសោធន៍កសិកម្ម និងមន្ទីរពិសោធន៍នានា សម្រាប់និស្សិតអនុវត្ត។ ជាលទ្ធផលនៃការវាយតម្លៃ កម្មវិធីសិក្សាទាំង៤របស់សាកលវិទ្យាល័យស្វាយរៀង ទទួលបានការវាយតម្លៃដោយពិន្ទុល្អប្រសើរ។