ពិធីប្រគល់សញ្ញាបត្រជូននិស្សិត

នាព្រឹកថ្ងៃចន្ទ៩កេីត​ ខែមាឃ​ ឆ្នាំខាល​ ចត្វាស័ក​ ព.ស២៥៦៦​ ត្រូវនឹងទី៣០​ ខែមករា​ ឆ្នាំ២០២៣នេះ​ សាកលវិទ្យាល័យស្វាយរៀងបានរៀបចំពិធីប្រគល់សញ្ញាបត្រជូនដល់និស្សិតសាកលវិទ្យាល័យស្វាយរៀងស្ថិតក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់លោកជំទាវកិត្តិសង្គហបណ្ឌិត​ ម៉ែន​ សំអន​ ឧបនាយករដ្ឋមន្ត្រី​ រដ្ឋមន្ត្រី​ក្រសួង​ទំនាក់ទំនង​ជាមួយ​រដ្ឋសភា​ ព្រឹទ្ធសភា​ និងអធិការកិច្ច​ ។

ពិធីនេះក៏មានការអញ្ជេីញចូលរួមពី​ឯកឧត្តម​ លោកជំទាវ​ សមាជិក​ សមាជិការ​ ព្រឹទ្ធសភា​ រដ្ឋសភា​ រាជរដ្ឋាភិបាល​ឯកឧត្តម​ លោកជំទាវ​ រដ្ឋលេខាធិការ​ អនុរដ្ឋលេខាធិការ​ ក្រសួងអប់រំ​យុវជន​ និងកីឡា​ ឯកឧត្តម​ លោកជំទាវ​ប្រធាន​ក្រុម​ការងារថ្នាក់ជាតិចុះមូលដ្ឋានទាំង៨ក្រុង​ ស្រុក​ ឯកឧត្តម​ លោកជំទាវ​ ឧកញ៉ា​ លោក​លោកស្រី​ ជាភ្ញៀវកិត្តិយស​ ឯកឧត្តម​ លោក​ លោកស្រីសមាជិក​ក្រុមប្រឹក្សាភិបាល​សាកលវិទ្យាល័យ​ ថ្នាក់ដឹកនាំ​បុគ្គលិកអប់រំ​ និងនិស្សិតជ័យលាភីទាំងអស់សរុបចំនួន៣,១៨៩អង្គ/នាក់​។

                .                                         .

មានប្រសាសន៍ទៅកាន់ពិធីនេះលោកជំទាវបានពាំនាំនូការផ្តាំផ្ញើរសាកសួរសុខទុក្ខពីសំណាក់សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ជូនដល់អង្គពិធីដោយការនឹករលឹក និង ការគិតគូរដល់ប្រជាពលរដ្ឋខ្មែរគ្រប់បែបយ៉ាង ។

នៅក្នុងកម្មវិធីនោះផងដែរ លោកជំទាវបានធ្វើការផ្សព្វផ្សាយអំពីជោគជ័យយ៉ាងត្រចះត្រចង់ នៃមហាសន្និបាតវិសាមញ្ញតំណាងទូទាំងប្រទេសរបស់គណបក្សប្រជាជនកម្ពុជា រយៈពេល២ថ្ងៃ គឺថ្ងៃទី ២៨ និង ២៩ ខែកមរា ឆ្នាំ ២០២៣ ។ លោកជំទាវបានបន្តទៀតថា គណបក្សប្រជាជនកម្ពុជា បានគិតគូរគ្រប់បែបយ៉ាង ដើម្បីជាឧត្តមប្រយោជន៍ជាតិ និងប្រជាជនកម្ពុជា ការប្រកាន់ខ្ជាប់នូវការអនុវត្តនយោបាយការបរទេសឯករាជ្យ និងគោលការណ៍នានានៃធម្មនុញ្ញរបស់ អង្គការសហប្រជាជាតិ និងអាស៊ាន និងការដាក់ចេញនូវគោលនយោបាយដ៏ថ្មីស្រឡាងមួយទៀត ក្នុងការពង្រាយអ្នកជំនាញកសិកម្មនៅគ្រប់ឃុំនៅទូទាំងប្រទេស ដើម្បីលើកកម្ពស់វិស័យកសិកម្មនៅកម្ពុជា ។

លោកជំទាវក៏បានស្នើឲ្យនិស្សិតជ័យលាភីទាំងអស់ត្រូវពង្រឹងសមត្ថភាព ឱ្យកាន់តែមានប្រសិទ្ធភាពដល់ការស្ថាបនា និងការអភិវឌ្ឍប្រទេសជាតិ តាមរយៈ

១-ត្រូវបន្តការសិក្សាពេញមួយជីវិត
២-ត្រូវចូលរួមដោះស្រាយបញ្ហាសង្គមប្រកបដោយការទទួលខុសត្រូវ
៣-ត្រូវចូលរួមកសាងភាពថ្លៃថ្នូរបស់សង្គម
៤-ត្រូវខិតខំចូលរួមបង្កើតស្នាដៃថ្មីឱ្យសង្គមជាតិយើង
៥-ត្រូវចូលរួមលុបបំបាត់ព័ត៌មានមិនពិត
៦-ត្រូវចេះតបស្នងគុណ