ពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលការងារ (Career Center) នៃសាកលវិទ្យាល័យស្វាយរៀង

ព្រឹកថ្ងៃទី១០ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀង បានប្រារព្ធពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ មជ្ឈមណ្ឌលការងារ (Career Center) ក្រោមអធិបតីភាពឯកឧត្តមបណ្ឌិត អ៊ុម រម្យណី រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា និង Mr. Tom Crubaugh អនុប្រធានបេសកកម្មស្តីទី នៃទីភ្នាក់ងារជំនួយអាមេរិច (USAID) តំណាងឯកឧត្តម ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិច ប្រចាំនៅកម្ពុជា។ មជ្ឈមណ្ឌលការងារ (Career Center) នេះ ជាសមិទ្ធផលនៃការអនុវត្តគម្រោង USAID Digital Workforce Development Project និងដៃគូ Blum Center of the University of California, Berkeley។ ជាមួយគ្នានេះ លោកអនុប្រធានបេសកកម្មស្តីទីនៃទីភ្នាក់ងារជំនួយអាមេរិក USAID​ ក៏បានផ្តល់អាហារូបករណ៍ដល់និស្សិតចំនួន ២០រូប ដែលបានសិក្សាជំនាញព័ត៌មានវិទ្យា និងមុខវិជ្ជាដែលទាក់ទងនឹងវិស័យឌីជីថល នៅសាកលវិទ្យាល័យស្វាយរៀង។ អញ្ជើញចូលរួមក្នុងពិធីនោះ មានឯកឧត្តម លោកជំទាវ ថ្នាក់ដឹកនាំក្រសួងអប់រំ យុវជន និងកីឡា ថ្នាក់ដឹកនាំសាកលវិទ្យាល័យស្វាយរៀង ថ្នាក់ដឹកនាំ USAID លោក លោកស្រីជាភ្ញៀវកិត្តិយស លោកគ្រូ អ្នកគ្រូ សហគ្រិនមកពីតំបន់សេដ្ឋកិច្ចពិសេសក្រុងបាវិត មាតាបិតានិស្សិត និងនិស្សិត សរុបប្រមាណ១៥០នាក់។