សិក្ខាសាលា ស្តីពី គំរូក្របខណ្ឌកម្មវិធីសិក្សាសម្រាប់សាកលវិទ្យាល័យស្វាយរៀង

នាថ្ងៃទី២៦ ថ្នាក់ដឹកនាំ និងក្រុមការងារគម្រោង ព្រមទាំងបុគ្គលិក មន្ត្រីអប់រំនៃសាកលវិទ្យាល័យស្វាយរៀងចំនួន ៣៣នាក់ដឹកនាំដោយ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការ សាកលវិទ្យាល័យស្វាយរៀង អញ្ជើញចូលរួមសិក្ខាសាលា ស្តីពី គំរូក្របខណ្ឌកម្មវិធីសិក្សាសម្រាប់សាកលវិទ្យាល័យស្វាយរៀង ដែលប្រព្រឹត្តទៅរយៈពេល ៥ថ្ងៃ ចាប់ពីថ្ងៃទី២៦ ដល់ថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៣ នៅសណ្ឋាគារ អង្គរប៉ារ៉ាឌី ខេត្តសៀមរាប ដែលសម្របសម្រួលដោយ មជ្ឈមណ្ឌលឧត្តមភាពនៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងធ្វើបទបង្ហាញ និងណែនាំដោយលោក បេង ស៊ីម៉េត មន្ត្រីអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក។


លោក បេង ស៊ីម៉េត មន្ត្រីអប់រំជាន់ខ្ពស់នៃធនាគារពិភពលោក បានចែករំលែកបទពិសោធន៍, បទបង្ហាញពី Svay Rieng University-Leadership for Results-Action Plan 2023-2024 And Beyond (working paper) និង សម្របសម្រួលដំណើរការរៀបចំគម្រោងកែលម្អការអប់រំឧត្តមសិក្សា ដំណាក់កាលទី២ (HEIP- 2) ដែលផ្តោតសំខាន់លើការ ធ្វើទំនើបកម្មកម្មវិធីសិក្សា Modernization Curriculum ជាមួយនឹងកម្មវិធីវិនិយោគ Investment Project ដែលក្នុងនោះគឺនឹងត្រូវបញ្ចូលនូវវិធីសាស្ត្របង្រៀនតាមបែប Project-Based Learning ដែលផ្តល់ដល់និស្សិតនូវការអនុវត្តឱ្យបានច្រើនជាងទ្រឹស្តី និងគោលបំណងជាចម្បងគឺដើម្បីនិស្សិតមានសមត្ថភាព អាចស្វែងរកប្រាក់ចំណូលខណៈពេលកំពុងសិក្សា និងក្រោយបញ្ចប់ការសិក្សា និស្សិតនឹងអាចមានសមត្ថភាពបង្កើតការងារដែលមានប្រាក់ចំណូលខ្ពស់។ ទន្ទឹមនឹងនោះផងដែរ លោកបេង ស៊ីម៉េត បានសង្កត់ធ្ងន់លើការសរសេរគម្រោងវិនិយោគដែលត្រូវផ្តល់នូវ ក្តីសង្ឃឹម ទំនុកចិត្ត និងគុណតម្លៃ ការសហការគ្នារវាងមហាវិទ្យាល័យទាំងអស់ដោយមិនអាចកាត់ផ្តាច់តែឯងបាន។ សិក្ខាសាលានេះ ក៏មានការចូលរួមពី ថ្នាក់ដឹកនាំ និងមន្រ្តីនៃសាកលវិទ្យាល័យ ភូមិន្ទភ្នំពេញ, ភូមិន្ទកសិកម្ម, ហេង សំរិន ត្បូងឃ្មុំ, ជាតិបាត់ដំបង និងមន្រ្តីជំនាញនៃក្រសួងអប់រំ យុវជន និងកីឡា ផងដែរ។