ពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Impact Hub Phnom Penh ជាមួយសាកលវិទ្យាល័យដៃគូចំនួន ១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា

នារសៀលថ្ងៃទី២៨ ខែឧសភា ឆ្នាំ២០២៤ ឯកឧត្តមសាស្ត្រាចារ្យ ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានដឹកនាំប្រតិភូរបស់សាកលវិទ្យាល័យស្វាយរៀង ចូលរួមពិធីចុះហត្ថលេខាលើ អនុស្សរណៈនៃការយោគយល់គ្នា រវាងក្រុមហ៊ុន Smart Axiata និងក្រុមហ៊ុន Impact Hub Phnom Penh ជាមួយសាកលវិទ្យាល័យដៃគូចំនួន ១៧ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ យុវជន និងកីឡា នៅសណ្ឋាគារកាំបូឌីយ៉ាណា រាជធានីភ្នំពេញ។
ការចុះអនុស្សរណៈនៃការយោគយល់គ្នានេះ រៀបចំឡើងក្នុងគោលបំណងផ្តល់ឱកាសដល់សិស្ស-និស្សិត នៅតាមបណ្តាសាកលវិទ្យាល័យជាដៃគូ ឱ្យទទួលបាននូវការបណ្ដុះបណ្ដាល ផ្នែកសហគ្រិនភាព បន្ថែមពីលើមុខជំនាញដែលកំពុងសិក្សា តាមរយៈការប្រើប្រាស់វិធីសាស្រ្តសិក្សាតាមបែបចម្រុះ (Blended Learning) និងការអនុវត្តគម្រោងផ្ទាល់ (Project Based Learning) ជាពិសេសការបណ្តុះគំនិតអាជីវកម្មថ្មីៗ ឆ្លើយតបនឹងតម្រូវការផ្នែកបច្ចេកវិទ្យា សហគ្រិនភាព និងនវានុវត្តន៍។