ពិធីបើកដំណើរការជាផ្លូវការកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី២” រៀបចំដោយមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យស្វាយរៀង និងមានការសហការគាំទ្រថវិកាដោយសហគ្រិនខ្មែរ

ពិធីបើកដំណើរការជាផ្លូវការកម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី២” ដែលរៀបចំ និងសម្របសម្រួលដោយមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យស្វាយរៀង និងមានការសហការគាំទ្រថវិកាដោយ សហគ្រិនខ្មែរ។
ថ្ងៃសៅរ៍ ៨រោច ខែជេស្ឋ ឆ្នាំរោង ព.ស. ២៥៦៨ ត្រូវនឹងថ្ងៃទី២៩ ខែមិថុនា ឆ្នាំ២០២៤ មហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្មនៃសាកលវិទ្យាល័យស្វាយរៀង និង សហគ្រិនខ្មែរ បានរៀបចំពិធីបើកដំណើរការជាផ្លូវការកម្មវិធីបណ្តុះបណ្តាលសហគ្រិនភាព និងការប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី២ ជាផ្នែកមួយនៃកម្មវិធី សហគ្រិនមហាវិទ្យាល័យ (UNIPRENEUR) ដែលមានការសហការ និងគាំទ្រថវិកាដោយ សហគ្រិនខ្មែរ។ ពិធីនេះបានរៀបចំឡើងនៅសាលប្រជុំធំនៃសាកលវិទ្យាល័យស្វាយរៀង ដែលមានការចូលរួមពីថ្នាក់ដឹកនាំ លោកសាស្រ្តាចារ្យ លោកគ្រូ-អ្នកគ្រូ និងនិស្សិត សរុបប្រមាណ ២២៥នាក់។
លោកសាស្ត្រាចារ្យជំនួយ មុំ កេត ព្រឹទ្ធបុរសមហាវិទ្យាល័យគ្រប់គ្រងពាណិជ្ជកម្ម តាមរយៈប្រសាសន៍សំណេះសំណាល បើកកម្មវិធី បានបង្ហាញអំពីគោលបំណងនៃកម្មវិធីគឺដើម្បី ផ្តួចផ្តើមបំផុសគំនិតសហគ្រិនភាព និងរៀបចំគំរូអាជីវកម្មថ្មី ដោយការផ្សាភ្ជាប់រវាងផ្នែកទ្រឹស្តី និងការអនុវត្តជាក់ស្តែង ដើម្បីចូលរួមចំណែកដោះស្រាយបញ្ហានានានៅក្នុងសង្គម។
លោក ពក បញ្ញាពេជ្រ អ្នកឯកទេសអភិវឌ្ឍន៍សហគ្រិនភាព និងនវានុវត្តន៍ ជាតំណាងសហគ្រិនខ្មែរ បានបង្ហាញជូនអង្គពិធី អំពីចក្ខុវិស័យរបស់សហគ្រិនខ្មែរ ដែលជាស្ថាប័នប្រកបដោយឧត្តមភាព ចូលរួមយ៉ាងសកម្មក្នុងការកសាងប្រព័ន្ធអេកូឡូស៊ី ដោយផ្តោតលើ ការបណ្តុះ និងបញ្រ្ជាបផ្នត់គំនិតសហគ្រិន, ការកសាងបន្ថែមសហគ្រិនដែលមានទេពកោសល្យ, ការផ្សាភ្ជាប់ទំនាក់ទំនងរវាងធុរកិច្ចថ្មី និងសហគ្រាសធុនតូចនិងមធ្យមទៅកាន់ទីផ្សារ និងវិនិយោគិន, និងការប្រើប្រាស់មូលធនដើម្បីអភិវឌ្ឍអាជីវកម្ម។
សម្រាប់កម្មវិធី “ប្រកួតប្រជែងគំរូអាជីវកម្ម រដូវកាលទី២” នេះ មាននិស្សិតចុះឈ្មោះចូលរួមសរុបចំនួន ៥១នាក់ មកពីមហាវិទ្យាល័យទាំង០៥ នៃសាកលវិទ្យាល័យស្វាយរៀង។ ជំហានសំខាន់ៗនៃកម្មវិធី មាន ៥ដំណាក់កាល៖ ( ១.ដំណាក់កាលផ្សព្វផ្សាយ និងចុះឈ្មោះចូលរួម, ២.ដំណាក់កាលបណ្តុះបណ្តាលតម្រង់ទិសបេក្ខជនលើគំរូអាជីវកម្ម សហគ្រិនភាព, ៣. ដំណាក់កាលជម្រើសវគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រ, ៤. ដំណាក់កាលអភិវឌ្ឍនបន្ត និងគំរូផលិតផល ដើម្បីត្រៀមឡើងទៅវគ្គផ្តាច់ព្រ័ត្រ, និង ៥.ដំណាក់កាលប្រកួតប្រជែងផ្តាច់ព្រ័ត្រ)។