ការពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Zhaohui Filter & Tech. Co., Ltd.

នាព្រឹកថ្ងៃទី១៧ ខែមិថុនា ឆ្នាំ២០២៤ លោកសាស្ត្រាចារ្យជំនួយ ឡឹក វីរៈ សាកលវិទ្យាធិការរង នៃសាកលវិទ្យាល័យស្វាយរៀង និងសហការី បានជួបពិភាក្សាការងារជាមួយថ្នាក់ដឹកនាំក្រុមហ៊ុន Zhaohui Filter & Tech. Co., Ltd. ដែលមានទីតាំងនៅតំបន់សេដ្ឋកិច្ចពិសេសតាយសេង២ ភូមិព្រៃផ្តៅ សង្កាត់ព្រៃអង្គុញ ក្រុងបាវិត ខេត្តស្វាយរៀង។ របៀបវារៈនៃការជួបពិភាក្សានេះ គឺផ្តោតលើ៖ ១. ការជ្រើសរើសនិស្សិតដើម្បីទៅធ្វើការនៅក្នុងក្រុមហ៊ុន Zhaohui Filter & Tech., ២. ពិភាក្សាពីលទ្ធភាពនៃការចុះហត្ថលេខាលើកិច្ចព្រមព្រៀង MOA និងអនុស្សារណៈយោគយល់ MOU រវាងភាគីទាំងពីរ, និង ៣. កិច្ចពិភាក្សាផ្សេងៗ។
ក្រុមហ៊ុន Zhaohui Filter & Tech. ជាក្រុមហ៊ុនដែលមានរោងចក្រជាច្រើន នៅតាមបណ្តាប្រទេសនានា ដូចជាដូចជា កម្ពុជា វៀតណាម សឹង្ហបុរី ម៉ាឡេស៊ី អង់គ្លេស អ៊ីតាលី និងម៉ិចស៊ីកូ។ ចំពោះផលិតផលរបស់រោងចក្រ គឺតម្រងគ្រប់ប្រភេទ ដូចជាតម្រងម៉ាស៊ីន ត្រជាក់ តម្រងប្រេង តម្រងចម្រោះទឹកស្អាត តម្រងម៉ាស៊ីនបូមធូលី តម្រងក្នុងរថយន្តជាដើម។ ផលិតផលរបស់រោងចក្រនេះ ត្រូវបានលក់ចេញទៅកាន់ទីផ្សារនៅអាស៊ីអាគ្នេយ៍ ជប៉ុន កូរ៉េ អាមេរិច និងអឺរ៉ុប។ និស្សិតដែលរោងចក្រត្រូវការ គឺជំនាញមេកានិច ជំនាញគ្រប់គ្រង និងជំនាញភាសាបរទេស (ចិន អង់គ្លេស) ជាដើម។
នាថ្ងៃអនាគត សាកលវិទ្យាល័យស្វាយរៀង នឹងចុះកិច្ចព្រមព្រៀងជាមួយ ក្រុមហ៊ុន Zhaohui Filter & Tech. ដើម្បីជ្រើសរើសនិស្សិតដែលបានសិក្សាចប់ពីសាកលវិទ្យាល័យស្វាយរៀង ទៅធ្វើការនោះក្រុមហ៊ុននោះ ក៏ដូចជាចុះកម្មសិក្សាការងារផងដែរ។