ឯកឧត្តមសាកលវិទ្យាធិការ អញ្ជើញចូលរួមវេទិកាអប់រំពិភពលោក នៅទីក្រុងឡុងដ៍ ចក្រភពអង់គ្លេស

ថ្ងៃទី០៧-១០ ខែឧសភា ឆ្នាំ២០២៣ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង បានអញ្ជើញចូលរួម វេទិកាអប់រំពិភពលោក នៅទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស ជាមួយនឹងគណៈប្រតិភូរបស់ក្រសួងអប់រំ យុវជន និងកីឡា ដែលដឹកនាំដោយ ឯកឧត្តមបណ្ឌិត សោម រតនា អនុរដ្ឋលេខាធិការ នៃក្រសួងអប់រំ យុវជន និងកីឡា និងជាប្រធានក្រុមប្រឹក្សាភិបាល នៃសាកលវិទ្យាល័យស្វាយរៀង។ វេទិកាអប់រំពិភពលោក ធ្វើឡើងក្រោមប្រធានបទ “ការចាប់ផ្តើមជាថ្មី៖ វប្បធម៌នៃការសិក្សារៀនសូត្ររបស់សិស្ស ការកសាងភាពធន់នៃប្រព័ន្ធអប់រំ ការលើកកម្ពស់ភាពខ្លាំង និងចីរភាព និងការរៀបចំគោលនយោបាយ និងផែនការអប់រំឱ្យកាន់តែប្រសើរឡើងសម្រាប់អប់រំ”។ វេទិការអប់រំពិភពលោកនេះ ក៏បានពិភាក្សាដោយផ្តោតលើប្រធានបទ “វិបត្តិនៃការសិក្សារៀនសូត្ររបស់សិស្ស និន្នាការអប់រំអន្តរជាតិ ការទទួលបានការអប់រំរបស់សិស្សនារី ហិរញ្ញប្បទានអប់រំ ការអប់រំបច្ចេកទេស និងជំនាញ នវានុវត្តន៍ និងភាពជាអ្នកដឹកនាំដើម្បីធ្វើឱ្យប្រព័ន្ធអប់រំភាពល្អប្រសើរ”

អមក្នុងវេទិការអប់រំពិភពលោក ថ្នាក់ដឹកនាំ និងប្រតិភូអម បានជួបពិភាក្សាជាមួយ លោក Peter Schneider តំណាងទីភ្នាក់ងារ Edsby អំពីបរិវត្តកម្មឌីជីថល (K-12 Digital transformation) ក្នុងវិស័យអប់រំសម្រាប់ការអប់រំចំណេះទូទៅ និងជួបជាមួយលោក Scott Smith តំណាងភ្នាក់ងារ ODILO ពិភាក្សាអំពី ការរៀបចំកម្មវិធីគាំទ្រការអប់រំវិទ្យាសាស្រ្ត វិស្វកម្ម បច្ចេកវិទ្យា និង គណិតវិទ្យា (STEM) ការសិក្សាភាសាអង់គ្លេស ការអភិវឌ្ឍកម្មវិធីសិក្សា និងការអភិវឌ្ឍសមត្ថភាពគ្រូបង្រៀន ដើម្បីកែលម្អប្រព័ន្ធអប់រំ។

វេទិកានេះ បានបង្ហាញអំពីទិន្នាការនៃការអប់រំកម្រិតសកលលោក និងថ្នាក់តំបន់ ដែលជាមូលដ្ឋានសម្រាប់ការកសាងគោលនយោបាយ និងផែនការយុទ្ធសាស្រ្តវិស័យអប់រំ ២០២៤-២០២៨ សម្រាប់កម្ពុជា។