សិក្ខាសាលាតម្រង់ទិសស្តីពី “ការរៀបចំថវិកាសមិទ្ធកម្ម” នៅសាកលវិទ្យាល័យស្វាយរៀង

នាថ្ងៃទី៧ ខែមីនា​ ឆ្នាំ២០២៣ ក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលាតម្រង់ទិសស្តីពី “ការរៀបចំថវិកាសមិទ្ធកម្ម” រយៈពេល ៤ថ្ងៃ ចាប់ពីថ្ងៃទី៧ ដល់ថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២៣ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា និងឯកឧត្តម លោកជំទាវ លោក លោកស្រី អញ្ជេីញមកពីអង្គភាពចំណុះទីស្តីការក្រសួង សាកលវិទ្យាល័យ និងវិទ្យាស្ថាន សរុប១៩៣ ស្រី២៦ នៅសាលប្រជុំធំនៃសាកលវិទ្យាល័យស្វាយរៀង។

ថ្លែងក្នុងឱកាសនោះ ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានវាយតម្លៃខ្ពស់លើការរៀបចំសិក្ខាសាលាតម្រង់ទិសនេះ។ ជាមួយគ្នានេះ ក្រសួងអប់រំ យុវជន និងកីឡា បានចុះហត្ថលេខាលើកិច្ចព្រមព្រៀងថវិកាសមិទ្ធកម្មរវាងក្រសួងអប់រំ យុវជន និងកីឡា និងក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ។ ដូចនេះ ថវិកាសមិទ្ធកម្មនេះពិតជាមានសារៈសំខាន់ណាស់សម្រាប់ការផ្សារភ្ជាប់រវាងគោលនយោបាយ និងថវិកា និងការឆ្លើយតបនឹងកំណែទម្រង់ហិរញ្ញវត្ថុសាធារណៈដំណាក់កាលទី៤ ដើម្បីធានានូវការសម្រេចបានសមិទ្ធផលចុងក្រោយមួយគួរជាទីពេញចិត្ត។

ឯកឧត្តមបណ្ឌិតសភាចារ្យរដ្ឋមន្រ្តី បានលើកឡើងថា ប្រធានកម្មវិធី និងអនុប្រធានកម្មវិធីទាំងអស់ ត្រូវរៀបចំថវិកាសមិទ្ធកម្មរយៈខ្លី និងមធ្យមរបស់ខ្លួនឱ្យបន្ស៊ីគ្នាជាមួយគោលនយោបាយរបស់រាជរដ្ឋាភិបាល និងគោលនយោបាយរបស់ក្រសួងអប់រំ យុវជន និងកីឡា ព្រមទាំងឱ្យមានសង្គតិភាពគ្នា ជាពិសេសសូចនាករនីមួយៗត្រូវជាក់លាក់ ងាយស្រួលយល់ និងទុកចិត្តបាន ដើម្បីឈានទៅសម្រេចនូវចំណុចដៅនៃសូចនាករនៅចុងឆ្នាំ។