មន្ត្រីពីររូបនៃសាកលវិទ្យាល័យស្វាយរៀង ចូលរួមសិក្ខាសាលា ស្តីពី ការគាំទ្រគ្រឹះស្ថានឧត្តមសិក្សាក្នុងការរៀបចំទស្សនាវដ្តីស្រាវជ្រាវ

ថ្ងៃទី១៤-១៦ ខែមីនា ឆ្នាំ២០២៣ នាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត នៃក្រសួងអប់រំ យុវជន និងកីឡា បានរៀបចំសិក្ខាសាលា ស្តីពី “ការគាំទ្រគ្រឹះស្ថានឧត្តមសិក្សាក្នុងការរៀបចំទស្សនាវដ្តីស្រាវជ្រាវ” នាសាលប្រជុំបាណន់នៃសាកលវិទ្យាល័យជាតិបាត់ដំបង ក្រោមអធិបតីភាពលោកបណ្ឌិត ហេង គ្រេង ប្រធាននាយកដ្ឋានស្រាវជ្រាវវិទ្យាសាស្រ្ត និងមានសមាសភាពចូលរួមពីគ្រឹះស្ថាន ឧត្តមសិក្សារដ្ឋ និងឯកជន សរុបចំនួន៤៥រូប។ មន្ត្រីចំនួនពីររូប ដែលបានចូលរួមក្នុងសិក្ខាសាលានោះ គឺ៖

១. លោកបណ្ឌិត ជីវ ភីនី មន្ត្រីទទួលបន្ទុកការិយាល័យស្រាវជ្រាវ និងអភិវឌ្ឍន៍

២. លោកបណ្ឌិត សិរី ម៉ារឌី មន្ត្រីទទួលបន្ទុកកិច្ចការទំនាក់ទំនងអន្តរជាតិ

គោលបំណងនៃសិក្ខាសាលានេះ គឺ ១) ផ្សព្វផ្សាយសៀវភៅណែនាំស្តីពី ការបង្កើត គ្រប់គ្រង និងអភិវឌ្ឍទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត, ២) ចែករំលែកពីដំណើរការនៃការបង្កើត គ្រប់គ្រង និងអភិវឌ្ឍទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត, ៣) រៀបចំផែនការបង្កើត និង/ឬអភិវឌ្ឍគុណភាពនៃទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត នៅតាមគ្រឹះស្ថានឧត្តមសិក្សាកម្ពុជា។

ពាក់ព័ន្ធនឹងការរៀបចំទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្តនេះ កន្លងមក សាកលវិទ្យាល័យស្វាយរៀងបានបង្កើត និងបោះពុម្ពព្រឹត្តបត្រស្រាវជ្រាវវិទ្យាសាស្រ្ត (Scientific Research Review) បានចំនួន២លេខ គឺលេខទី១ នៅឆ្នាំ២០១៥ និងលេខទី២ នៅឆ្នាំ២០១៦។ ការអាក់ខានបោះពុម្ពផ្សាយព្រឹត្តបត្ររហូតមកដល់ពេលនេះ គឺដោយសារកង្វះអត្ថបទស្រាវជ្រាវ (Manuscript) កង្វះអ្នកត្រួតពិនិត្យអត្ថបទ (Reviewer) និងបញ្ហាបច្ចេកទេសមួយចំនួន។  ឆ្លងតាមស្មារតីសិក្ខាសាលានេះ សាកលវិទ្យាល័យស្វាយរៀង នឹងរៀបចំដំណើរការឡើងវិញនូវព្រឹត្តបត្រស្រាវជ្រាវរបស់ខ្លួន ដោយកែប្រែទៅជា ទស្សនាវដ្តីស្រាវជ្រាវវិទ្យាសាស្រ្ត នៃសាកលវិទ្យាល័យស្វាយរៀង (SRU Scientific Research Journal) ឆាប់ៗខាងមុខនេះ​ ដើម្បីបើកឱកាសឱ្យលោកគ្រូ អ្នកគ្រូ អ្នកស្រាវជ្រាវ និងនិស្សិត បានបោះពុម្ពអត្ថបទស្រាវជ្រាវរបស់ខ្លួនឱ្យកាន់តែមានចំនួនច្រើនថែមទៀត។