ពិធី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យស្វាយរៀង

14-03-2023 10:22pm

អត្ថបទ ប៉ែន ឌីណា

(ស្វាយរៀង)៖ នាព្រឹកថ្ងៃអង្គារ ៨រោជ ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស. ២៥៦៦ ត្រូវនឹងថ្ងៃទី១៤ ខែមីនា ឆ្នាំ២០២៣ សាកលវិទ្យាល័យស្វាយរៀងបានរៀបចំនូវកម្មវិធី “ពិធី សំណេះសំណាលជាមួយថ្នាក់ដឹកនាំ សមាជិក សមាជិកា សហភាពសហព័ន្ធយុវជនកម្ពុជា ប្រចាំសាកលវិទ្យាល័យស្វាយរៀង” ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា (ស.ស.យ.ក.) អមដំណើរដោយឯកឧត្តមអនុប្រធាន សមាជិគណៈអចិន្ត្រៃ គណៈកម្មាធិការកណ្តាល ស.ស.យ.ក. ឯកឧត្តមលោកជំទាវ លោកលោកស្រី សាស្ត្រាចារ្យថ្នាក់ដឹកនាំចលនាយុវជន សមាជិក សមាជិកា ស.ស.យ.ក. ប្រចាំសាកលវិទ្យាល័យស្វាយរៀងប្រមាណ៥២០អង្គ នាក់។

នាឱកាសដ៏ពិសេសនេះ ឯកឧត្តម ហ៊ុន ម៉ានី ប្រធានសហភាពសហព័ន្ធយុវជនកម្ពុជា បានមានមតិសំណេះសំណាល និងផ្តល់អនុសាសន៍ណែនាំ ក៏ដូចជាចែករំលែកនូវបទពិសោធន៍ ចំណេះដឹង​ល្អៗ និងជំរុញលើកទឹកចិត្តយុវជនឱ្យខិតខំរៀនសូត្រ អភិវឌ្ឍខ្លួន ការមានវិន័យចំពោះខ្លួនឯងself-discipline និងមានភាពអំណត់តស៊ូ ។

ឯកឧត្តម ហ៊ុន ម៉ានី បានរៀបរាប់នូវប្រវត្តិនៃការកកើតស.ស.យ.ក. ដែលប្រែក្លាយមកពីសមាគមសាមគ្គីសង្គ្រោះជាតិកម្ពុជា ០២ ធ្នូ ១៩៧៨ ដែលជាចលនាតស៊ូរំដោះជាតិ និងបានសង្កត់ធ្ងន់ថា យើងគួរចងចាំថ្ងៃកំណើតនេះ និងចងចាំថាតើនរណាជាអ្នកបង្កើតចលនានេះឡើង ហើយត្រូវឆ្លងកាត់អ្វីខ្លះ “បុគ្គលដែលយើងគួរចងចាំមិនមែនតួនាទីរបស់គេទេ តែជាសកម្មភាពជាក់ស្តែង និងលទ្ធផលជាក់ស្តែងដែលបានផ្តល់ទៅឱ្យអ្នកដទៃ”។ ក្រៅពីលើកយកប្រវត្តិនេះ ឯកឧត្តមហ៊ុន ម៉ានី ក៏បានលើកទឹកចិត្តដល់យុវជនដែលជាសមាជិក សមាជិកាថា “ប្រសិនបើមាននរណាចង់វាយបំបាក់ទឹកចិត្តយើងដោយនិយាយថាយើងមិនអាចទៅរួច សូមប្រាប់ទៅគេវិញថា ខ្ញុំមានគម្រូបុគ្គលជោគជ័យរួចហើយ  គាត់គឺជាកូនកសិករមួយរូប” ។ បន្ថែមពីនេះឯកឧត្តមក៏បានលើកឡើង៣ចំនុចធំៗ អំពីអត្ថប្រយោជន៍ក្នុងការចូលជាសមាជិក ស.ស.យ.ក. គឺ៖ ទី១-ជាការចូលរួមការងារ ដែលជាការលត់ដំខ្លួន Test Yourself  ទី២-ការធ្វើការជាក្រុម Team work ដែលទាមទារនូវការធ្វើការសម្រេចចិត្ត decision-making  និងទី៣-ការលះបង់  ដែលឯកឧត្តមមានក្តីរំពឹងខ្ពស់ថានេះនឹងក្លាយជាគម្រូល្អៗដល់សង្គមនិងយុវជនជំនាន់ក្រោយៗ។ បន្ថែមពីនេះឯកឧត្តមហ៊ុន ម៉ានីក៏បានចែករំលែកពីវិធីសាស្ត្រមួយចំនួនអំពីសិល្បៈក្នុងការនិយាយជាសាធារណៈPublic speaking ដែលមានដូចជា កាយវិការ ស្ទីលនៃការឈរ ការផ្សារភ្ជាប់ពីចំនុចមួយទៅមួយ ជាដើម។ ក្រៅពីលើកយកបទពិសោធន៍ល្អៗ ឯកឧត្តមក៏បានចែករំលែកនូវបទពិសោធន៍បរាជ័យមួយផងដែរ ដើម្បីទុកជាមេរៀន។

ឯកឧត្តម​ ហ៊ុន ម៉ានី បានសង្កត់ធ្ងន់ទៅលើចំណេះដោយបានលើកឡើងថា “ចំណេះពិតណាស់ត្រូវការជាចាំបាច់ខ្វះមិនបាន និងជាមូលដ្ឋាននៃការដឹកនាំ​ តែអ្វីដែលសំខាន់គឺ ការចេះប្រើប្រាស់ទាំងចំណេះ និងទ្រឹស្តីឱ្យបានត្រឹមត្រូវនិងចំគោលដៅដែលចង់បាន” ព្រោះថាបើមានចំណេះតែមួយមុខគឺមិនទាន់គ្រប់គ្រាន់ទេ៕