កិច្ចប្រជុំ Kick-off Meeting ចាប់ផ្តើមអនុវត្តគម្រោង CIRCULAR នៅប្រទេសព័រទុយហ្គាល់

ថ្ងៃទី០៩-១២ ខែឧសភា ឆ្នាំ២០២៣ ក្រុមការងារអនុវត្តគម្រោង CIRCULAR នៃសាកលវិទ្យាល័យស្វាយរៀង ចំនួន៣រូប បានអញ្ជើញចូលរួមកិច្ចប្រជុំ Kick-off Meeting ចាប់ផ្តើមអនុវត្តគម្រោង CIRCULAR និងសិក្ខាសាលាស្តីពី Collaborative Peer Learning នៅវិទ្យាស្ថានពហុបច្ចេកទេសកូអ៊ីមប្រា (Polytechnic Institute of Coimbra) ប្រទេសព័រទុយហ្គាល់។

គម្រោង CIRCULAR (Circular Economy Living Laboratories supporting Social Innovation in Southeast Asia) គឺជាគម្រោងគាំទ្រដោយកម្មវិធី Erasmus+ នៃសហគមន៍អឺរ៉ុប ដែលមានដៃគូអនុវត្តគម្រោងនៅអឺរ៉ុប ចំនួន៤ និងដៃគូអនុវត្តគម្រោងនៅអាស៊ី ចំនួន៦ និងអនុវត្តរយៈពេល៣ឆ្នាំ (២០២៣-២០២៥)។

គោលបំណងនៃគម្រោងនេះ គឺដើម្បីពង្រីកប្រព័ន្ធអេកូឡូស៊ីនវានុវត្តន៍សង្គម នៅក្នុងប្រទេសម៉ាឡេស៊ី កម្ពុជា និងឡាវ តាមរយៈបណ្តាញរួមគ្នារវាងការបង្រៀន ការស្រាវជ្រាវ នវានុវត្តន៍ និងសង្គម ដើម្បីបង្កើត និងធ្វើតេស្តទៅលើដំណោះស្រាយបែបនវានុវត្តន៍ ក្នុងការកាត់បន្ថយបញ្ហាកាកសំណល់ ជំរុញវិធានការណ៍សេដ្ឋកិច្ចពង្រាយ (Circular economy) និងលើកកម្ពស់គុណភាពជីវិតរបស់សហគមន៍ក្នុងតំបន់។

ដៃគូអនុវត្តគម្រោងនៅអឺរ៉ុប ចំនួន៤ រួមមាន ប្រទេសព័រទុយហ្គាល់ (Polytechnic Institute of Coimbra) ប្រទេសអេស្ប៉ាញ (University of Almeria និង International Consulting and Mobility Agency)។ ដៃគូអនុវត្តគម្រោងនៅអាស៊ី ចំនួន៦ រួមមាន ប្រទេសម៉ាឡេស៊ី (សាកលវិទ្យាល័យវិទ្យាសាស្ត្រម៉ាឡេស៊ី USM និង សាកលវិទ្យាល័យម៉ាឡេស៊ី Sarawak) ប្រទេសកម្ពុជា (សាកលវិទ្យាល័យភូមិន្ទភ្នំពេញ RUPP និង សាកលវិទ្យាល័យស្វាយរៀង SRU) ប្រទេសឡាវ (សាកលវិទ្យាល័យជាតិឡាវ NUOL និង សាកលវិទ្យាល័យសុវណ្ណាកេត SKU)។