សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ ចុះកិច្ចព្រមព្រៀងដើម្បីលើកកម្ពស់ការកសាងសមត្ថភាព និងការបណ្ដុះបណ្ដាលមុខជំនាញភាសាអង់គ្លេស

សាកលវិទ្យាល័យស្វាយរៀង និងសាកលវិទ្យាល័យភូមិន្ទភ្នំពេញ បានចុះហត្ថលេខាលើកិច្ចព្រមព្រៀង (PA) សម្រាប់កិច្ចសហប្រតិបត្តិការ ដើម្បីលើកកម្ពស់ការកសាង សមត្ថភាពគុណវុឌ្ឍិមន្រ្តីអប់រំ និងការអភិវឌ្ឍកម្មវិធីសិក្សាជំនាញភាសាអង់គ្លេស ក្រោមគម្រោងកែលម្អការអប់រំឧត្តមសិក្សានៅកម្ពុជា ដែលគាំទ្រថវិកាពីរាជរដ្ឋាភិបាល ជាកម្ចីធនាគារពិភពលោក តាមរយៈក្រសួងអប់រំ យុវជន និងកីឡា។

ពិធីចុះហត្ថលេខាបានធ្វើឡើងនៅថ្ងៃទី២១ ខែតុលា ឆ្នាំ២០២០នេះ នៅសាកលវិទ្យាល័យស្វាយរៀងក្រោមវត្តមានឯកឧត្តមបណ្ឌិត ជេត ជាលី សាកលវិទ្យាធិការ នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញ និងឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការសាកលវិទ្យាល័យស្វាយរៀង ដោយមានការចូលរួមជាកិត្តិយសពីលោកបណ្ឌិត និត ប៊ុនឡៃ អគ្គនាយករង នៃអគ្គនាយកដ្ឋានឧត្តមសិក្សា និងជាប្រធានសមាសភាពទី១.១ នៃគម្រោង ឯកឧត្តមបណ្ឌិត សិត ខន សាកលវិទ្យាធិការនៃសាកលវិទ្យាល័យជា ស៊ីម កំចាយមារ និងឯកឧត្តម ពិន វណ្ណារ៉ូ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យហេង សំរិន ត្បូងឃ្មុំ។

គោលបំណង នៃកិច្ចព្រមព្រៀងនេះ ដើម្បីផ្តល់នូវកិច្ចសហប្រតិបត្តិការជាមួយនឹងការទទួលបានការគាំទ្រពីវិទ្យាស្ថានភាសាបរទេស នៃសាកលវិទ្យាល័យភូមិន្ទភ្នំពេញសម្រាប់ការដំណើរ បណ្តុះបណ្តាល ការសិក្សាភាសាអង់គ្លេសវគ្គខ្លីៗ និងកម្រិតបរិញ្ញាបត្រជាន់ខ្ពស់ដល់ បុគ្គលិកសាស្រ្តាចារ្យ និងការរៀបចំកែលម្អកម្មវិធីសិក្សាថ្នាក់បរិញ្ញាបត្រជំនាញភាសាអង់គ្លេស នៅសាកលវិទ្យាល័យស្វាយរៀង។

សូមបញ្ជាក់ថា ទន្ទឹមនឹងការអភិវឌ្ឍលើកម្មសិក្សាដែលកំពុងបណ្តុះបណ្តាលស្រាប់ សាកលវិទ្យាល័យស្វាយរៀង នឹងរៀបចំបើកដំណើរការបណ្តុះបណ្តាលមុខជំនាញថ្មីផ្នែកវិស្វកម្មមេកានិច នៅឆ្នាំសិក្សា ២០២០-២០២១ និងមុខជំនាញ វិស្វកម្មអេឡិចត្រូនិចនិងស្វ័យប្រវត្តិកម្ម នៅឆ្នាំសិក្សា២០២១-២០២២ ខាងមុខ ដោយមានកិច្ចសហប្រតិបត្តិការសាកលវិទ្យាល័យ វិទ្យាស្ថាន និងគ្រឹះស្ថាននានាក្នុងនិងក្រៅប្រទេស។