click image for large view

ដំណើរទស្សនកិច្ចនៅប្រាសាទព្រះវិហារ

កាលពីថ្ងៃទី ២២ ខែតុលា ឆ្នាំ២០១០​ ដោយមានការចង្អុលបង្ហាញ និងការឧបត្ថម្ភគាំទ្រដ៏ថ្លៃថ្លារបស់ ឯកឧត្តម ឌី វិជ្ជា និងលោកជំទាវ ហ៊ុន ម៉ាណា បុត្ររបស់​ ឯកឧត្តម ហុក ឡងឌី ស្ថាបនិកនៃសាកលវិទ្យាល័យ​ស្វាយរៀង ប្រតិភូសាកលវិទ្យាល័យស្វាយរៀងចំនួន ២០៦ ​រូប ដែលរួមមានគណៈគ្រប់គ្រង មន្រ្តី សាស្រ្តាចារ្យ និងនិស្សិតសាកលវិទ្យាល័យស្វាយរៀងដឹកនាំដោយ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការ និង លោក ស៊ិន ពុទ្ធាសាធ សាកលវិទ្យាធិការរងនៃសាកលវិទ្យាល័យស្វាយរៀងបានអញ្ជើញធ្វើដំណើរសាកសួរ​សុខ​ទុក្ខ​​កងទ័ពការពារព្រំដែននៅតំបន់ប្រាសាទព្រះវិហារ។​

នៅថ្ងៃទី២២ ខែតុលា ឆ្នាំ២០១០ ប្រតិភូ​បានចេញដំណើរពីសាកលវិទ្យាល័យស្វាយរៀងទៅកាន់វរសេនាតូច​លេខ ៣៨២ ដែលបានទទួលស្វាគមន៍យ៉ាងកក់ក្តៅពីសំណាក់ លោកវរសេនីយ៍ទោ ចាន់ សុខុន មេបញ្ជាការ​វរ​សេ​នា​​​តូចលេខ ៣៨២​ ​ឈរជើងនៅតំបន់ភ្នំទ្រព្យ​។​ នាវេលាល្ងាចនោះដែរ ឯកឧត្តម ឧត្តមសេនីយ៍ផ្កាយមាស៤ ជា តារា អគ្គមេបញ្ជាការរងនៃកងយោធពលខេមរភូមិន្ទ និងជាទីប្រឹក្សាផ្ទាល់សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន​បាន​អញ្ជើញផ្តល់កិត្តិយសមកចូលរួម​ទទួល​ទាន​អាហារ​ពេលល្ងាចរួមគ្នា និងធ្វើការសំណេះសំណាល​ជាមួយប្រតិភូ​ដែលបង្ហាញយ៉ាងច្បាស់អំពីសភាពការបច្ចុប្បន្នភាពនៅតំបន់ប្រាសាទព្រះវិហារ និងនយោបាយដ៏ទន់ភ្លន់អត់​ធ្មត់ និង​ម៉ឺងម៉ាត់ក្លៀវក្លារបស់ សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា​ក៏ដូចជា​ដើម​ហេតុ​នៃចរិត​ងងើល​ឈ្លាន​ពាន​​របស់ប្រទេសជិតខាង និងលទ្ធផលនៃមហិច្ឆតាឥតខ្មាសនោះ។ បន្ត​មក​ទៀត​ក៏មានការ​ប្រគុំ​តន្រ្តីកំសាន្តសប្បាយសាមគ្គីរវាងប្រតិភូ និងកងទ័ពនៅទីនោះ។

នៅថ្ងៃបន្ទាប់ ឯកឧត្តម ទុំ សារាវុធ សាកលវិទ្យាធិការនៃសាកលវិទ្យាល័យស្វាយរៀង និងលោកវរសេនីយ៍ទោ ចាន់ សុខុន មេបញ្ជាការវរសេនា​តូចលេខ ៣៨២ បានធ្វើការសំណេះសំណាលជាមួយមន្រ្តី សាស្ត្រាចារ្យ កងទ័ព និង​និស្សិត និងបានប្រគល់អំណោយជូនដល់កងទ័ពដែលរួមមានមី ងៀត អំបុក ក្រមា ល្ពៅ ត្រឡាច ដំឡូង និង​ថវិកាមួយចំនួន។ បន្តមកទៀត ប្រតិភូបានអញ្ជើញទៅទស្សនាប្រាង្គប្រាសាទព្រះវិហារដែលមាន​មន្ត្រី​អជ្ញា​ធរ​​ជាតិ​ព្រះវិហារជាមគ្គុទេ្ទសក៍ និងចុះមកវិញតាមជណ្តើរបុរាណដែលមានចំនួនប្រមានជាបីពាន់កាំ។ នៅ​ល្ងាចថ្ងៃដដែល ប្រតិភូបានទទួលទានអាហាររួមគ្នា ជាមួយនិងការប្រគុំតន្រ្តី និងការប្រកួតក្បាច់គុណបូរាណ ខ្មែរចំនួនដប់គូរ ដែលកីឡាករទាំងនោះមកពីកងវរសេនាតូចលេខ ៣៨២ កីឡាករមកពីខេត្តសៀមរាប និង​ឧត្តរមានជ័យ គណៈគ្រប់គ្រង មន្ត្រី សាស្រ្តាចារ្យ និងនិស្សិតបានចូលរួមឧត្ថម្ភយ៉ាងច្រើនកុះករ។

          នៅថ្ងៃទី ២៤ ខែតុលា ឆ្នាំ២០១០ ប្រតិភូ​បានធ្វើដំណើត្រឡប់ពីបន្ទាយនៃកងវរសេនាតូចលេខ ៣៨២ មក​កាន់​​​សាកល​​វិទ្យាល័យ​ស្វាយរៀងវិញ និងបានឈៀងចូលទៅទទួលទានអាហារថ្ងៃត្រង់នៅរម្យនីយដ្ឋាន​ភ្នំសន្ទុក​​។ ដំណើរនិវត្តន៍ប្រកបដោយសុវត្ថិភាពនេះបានមកដល់សាកលវិទ្យាល័យស្វាយរៀង នៅវេលាម៉ោង ៦ និង ៣០​​​នាទី​ល្ងាចនាថ្ងៃខែឆ្នាំដដែល។      ដំណើរទស្សនកិច្ចនេះបាននាំមកនូវភាពសប្បាយរីករាយ លទ្ធផលនៃ​សម្ព័ន្ធ​ភាព​​ជាផ្លែផ្កាដ៏ត្រចះ​ត្រចង់ ​​ក៏ដូចជាការលើកទឹកចិត្តដ៏ធំធេងដល់កងយោធពលខេមរភូមិន្ទឲ្យ​មានស្មារតីមុះមុត​ក្នុង​ការ​ការពា​រព្រំដែនខាងមុខ រីឯមន្ត្រី សាស្ត្រាចារ្យ និស្សិតជាអ្នកអភិវឌ្ឍខាងក្នុង នេះជាឆន្ទៈមូលគ្នាក្នុងការ​កសាង​ជាតិ​មាតុភូមិទាំងអស់គ្នា។